១ ពង្សាវតារក្សត្រ 18:27-33 KHOV

27 គ្រា​ដល់​ពេល​ថ្ងៃ​ត្រង់​ហើយ នោះ​អេលីយ៉ា​ពោល​ចំអក​ថា ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត ឬ​បាន​ថយ​ចេញ​១​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង

28 គេ​ក៏​ស្រែក​ខ្លាំង​ឡើង ព្រម​ទាំង​យក​កាំបិត​ឆូត​សាច់​តាម​ទំលាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ប្រឡាក់​កាយ

29 លុះ​កាល​ហួស​ថ្ងៃ​ត្រង់​ហើយ នោះ​គេ​ក៏​ថ្វាយ‌បង្គំ រហូត​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច តែ​គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​សោះ ក៏​គ្មាន​អ្នក​ណា​ស្តាប់​ផង។

30 បន្ទាប់​នោះ អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​បណ្តា‌ជន​ថា សូម​ចូល​មក​ជិត​ខ្ញុំ​វិញ ជន​ទាំង‌ឡាយ​ក៏​អែប​ចូល​មក​ជិត​លោក រួច​លោក​ជួស‌ជុល​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​រំលំ​ហើយ

31 អេលីយ៉ា​លោក​យក​ថ្ម​១២​តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​យ៉ាកុប ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​នោះ​ថា ឈ្មោះ​ឯង​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល​វិញ

32 លោក​ក៏​យក​ថ្ម​ទាំង​នោះ ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ក៏​ជីក​ប្រឡាយ​ព័ទ្ធ​ជុំវិញ មាន​ទំហំ​ល្មម​ដាក់​ពូជ​ស្រូវ​២​រង្វាល់

33 រួច​លោក​ដាក់​ឱស​ជា​លំដាប់ ក៏​កាប់​គោ​នោះ​ជា​ដុំៗ ដាក់​ពី​លើ ហើយ​ប្រាប់​ថា ចូរ​ដង​ទឹក​ពេញ​៤​ក្អម យក​មក​ចាក់​លើ​ដង្វាយ និង​ឧស​នេះ