35 ទឹកនោះបានហូរព័ទ្ធជុំវិញអាសនា គេក៏ចាក់ទឹករហូតដល់ពេញប្រឡាយដែរ
36 លុះដល់ពេលថ្វាយដង្វាយល្ងាច នោះហោរាអេលីយ៉ាក៏ចូលមកជិតទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែលអើយ សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបំរើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង
37 សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ ហើយថា គឺទ្រង់ដែលនាំចិត្តគេត្រឡប់មកវិញ
38 ខណៈនោះ ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះដង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិទ្ធទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ
39 កាលពួកជនទាំងឡាយបានឃើញ នោះគេក៏ក្រាបផ្កាប់មុខពោលថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ព្រះយេហូវ៉ាទ្រង់ជាព្រះពិតហើយ
40 រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
41 រួចមកអេលីយ៉ាទូលដល់អ័ហាប់ថា សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ