37 សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ ហើយថា គឺទ្រង់ដែលនាំចិត្តគេត្រឡប់មកវិញ
38 ខណៈនោះ ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះដង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិទ្ធទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ
39 កាលពួកជនទាំងឡាយបានឃើញ នោះគេក៏ក្រាបផ្កាប់មុខពោលថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ព្រះយេហូវ៉ាទ្រង់ជាព្រះពិតហើយ
40 រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
41 រួចមកអេលីយ៉ាទូលដល់អ័ហាប់ថា សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ
42 ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែលវិញ ក៏ក្រាបខ្លួនចុះដល់ដី ដាក់មុខនៅកណ្តាលក្បាលជង្គង់
43 រួចប្រាប់អ្នកបំរើថា ចូរឡើងទៅមើលខាងសមុទ្រឥឡូវ អ្នកបំរើក៏ឡើងទៅមើល រួចជំរាបថា គ្មានអ្វីឡើយ លោកប្រាប់ថា ចូរទៅឲ្យអស់វារៈ៧ដងទៀត