9 តែអូបាឌាប្រកែកថា តើខ្ញុំបានធ្វើបាបអ្វី បានជាលោកចង់ប្រគល់ខ្ញុំប្របាទ ទៅក្នុងកណ្តាប់ដៃនៃអ័ហាប់ ឲ្យសំឡាប់ខ្ញុំដូច្នេះ
10 ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃលោកដ៏មានព្រះជន្មរស់នៅថា គ្មានសាសន៍ណា ឬនគរណាមួយ ដែលចៅហ្វាយខ្ញុំមិនបានចាត់គេឲ្យទៅរកលោកនោះឡើយ ហើយកាលណាគេថា លោកមិននៅទីនេះទេ នោះទ្រង់ក៏ឲ្យពួកសាសន៍នោះ ឬនគរនោះស្បថថា គេមិនបានឃើញលោកមែន
11 ឥឡូវនេះ លោកមានប្រសាសន៍ថា សូមទៅទូលចៅហ្វាយរបស់អ្នកថា មើល អេលីយ៉ាមកហើយ
12 រួចកាលណាខ្ញុំចេញពីលោកទៅ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងយកលោកទៅកន្លែងណាក៏មិនដឹង ដូច្នេះ កាលខ្ញុំទៅទូលដល់អ័ហាប់ ហើយទ្រង់រកលោកមិនឃើញ នោះទ្រង់នឹងសំឡាប់ខ្ញុំចោល ប៉ុន្តែខ្ញុំប្របាទនេះបានកោតខ្លាចដល់ព្រះយេហូវ៉ា តាំងតែពីក្មេងមក
13 តើគេមិនបានជំរាបដល់លោក ជាម្ចាស់ខ្ញុំទេឬអី ពីការដែលខ្ញុំបានធ្វើ ក្នុងកាលដែលយេសិបិលសំឡាប់ពួកហោរានៃព្រះយេហូវ៉ា ថាខ្ញុំបានបំពួនពួកហោរានៃព្រះយេហូវ៉ា ចំនួន១០០នាក់នៅក្នុងរអាងភ្នំ ក្នុង១ពួកៗ៥០នាក់ ព្រមទាំងចិញ្ចឹមគេ ដោយនំបុ័ងហើយទឹកផង
14 ឥឡូវនេះ លោកមានប្រសាសន៍ឲ្យខ្ញុំទៅទូលចៅហ្វាយថា មើលអេលីយ៉ាមកហើយ ដូច្នេះ ទ្រង់នឹងសំឡាប់ខ្ញុំជាមិនខាន
15 តែអេលីយ៉ាតបថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ដែរ ថា នៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញខ្លួន ឲ្យស្តេចឃើញជាពិតប្រាកដ។