១ ពង្សាវតារក្សត្រ 2:18-24 KHOV

18 បាត‌សេបា​ទទួល​ថា​អើ អញ​នឹង​ទូល​ដល់​ស្តេច​ឲ្យ​ឯង។

19 ដូច្នេះ បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច​សាឡូ‌ម៉ូន ដើម្បី​ទូល​ទ្រង់​ឲ្យ​អ័ដូ‌នីយ៉ា ឯ​ស្តេច​ទ្រង់​ក្រោក​ឡើង​ទទួល ក៏​ឱន​ព្រះ‌អង្គ​គោរព រួច​គង់​លើ​បល្ល័ង្ក​ទ្រង់​វិញ ហើយ​បង្គាប់​ឲ្យ​គេ​យក​បល្ល័ង្ក​១​មក​ដាក់​ថ្វាយ​មាតា​ទ្រង់ ព្រះ‌នាង​ក៏​គង់​ខាង​ស្តាំ​ទ្រង់ ទូល​ថា

20 មាតា​ចង់​សូម​ការ​តូច​១​ពី​បុត្រ សូម​កុំ​ប្រកែក​ឡើយ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា សូម​ព្រះ‌មាតា​មាន​ព្រះ‌សវនីយ៍​មក​ចុះ ដ្បិត​ទូល‌បង្គំ​មិន​ប្រកែក​ទេ

21 ដូច្នេះ ព្រះ‌នាង​ទូល​ថា សូម​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​អ័ដូ‌នីយ៉ា​ជា​ជេដ្ឋា​ទៅ

22 ស្តេច​សាឡូ‌ម៉ូន ទ្រង់​ឆ្លើយ​តប​ទៅ​មាតា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌មាតា​សូម​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​អ័ដូ‌នីយ៉ា​ដូច្នេះ ត្រូវ​សូម​ទាំង​រាជ‌សម្បត្តិ​ឲ្យ​វា​ផង ដ្បិត​វា​ជា​បង​របស់​ទូល‌បង្គំ​ស្រាប់ គឺ​សូម​ឲ្យ​វា និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ដែរ

23 នោះ​ស្តេច​សាឡូ‌ម៉ូន​ក៏​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា បើ​អ័ដូ‌នីយ៉ា​មិន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​ពោល​ពាក្យ​នេះ​ទេ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​នេះ ហើយ​លើស​ទៅ​ទៀត​ផង

24 ដូច្នេះ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ដាវីឌ ជា​ព្រះ‌វរ‌បិតា ហើយ​បាន​ឲ្យ​ទូល‌បង្គំ​មាន​ជំនួរ​វង្ស ដូច​ជា​ទ្រង់​បាន​សន្យា​ទុក គឺ​ស្បថ​ថា នៅ​ថ្ងៃ​នេះ​អ័ដូ‌នីយ៉ា​ត្រូវ​ស្លាប់​ជា​ពិត