១ ពង្សាវតារក្សត្រ 2:23-29 KHOV

23 នោះ​ស្តេច​សាឡូ‌ម៉ូន​ក៏​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា បើ​អ័ដូ‌នីយ៉ា​មិន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​ពោល​ពាក្យ​នេះ​ទេ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​នេះ ហើយ​លើស​ទៅ​ទៀត​ផង

24 ដូច្នេះ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ដាវីឌ ជា​ព្រះ‌វរ‌បិតា ហើយ​បាន​ឲ្យ​ទូល‌បង្គំ​មាន​ជំនួរ​វង្ស ដូច​ជា​ទ្រង់​បាន​សន្យា​ទុក គឺ​ស្បថ​ថា នៅ​ថ្ងៃ​នេះ​អ័ដូ‌នីយ៉ា​ត្រូវ​ស្លាប់​ជា​ពិត

25 ស្តេច​ក៏​ចាត់​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​អ័ដូ‌នីយ៉ា ហើយ​ទ្រង់​ក៏​សុគត​ទៅ។

26 ខណៈ​នោះ ស្តេច​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រែ​ចំការ​របស់​ឯង ដែល​នៅ​ស្រុក​អាន៉ា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ​យើង​មិន​សំឡាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា នៅ​ចំពោះ​ដាវីឌ ជា​ព្រះ‌វរ‌បិតា​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្តី​លំបាក​របស់​ព្រះ‌វរ‌បិតា​យើង​ដែរ

27 ដូច្នេះ សាឡូ‌ម៉ូន​បាន​បណ្តេញ​អ័បៀ‌ថើរ ចេញ​ពី​ដំណែង​ងារ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​បាន​សំរេច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​វង្សា​អេលី​នៅ​ត្រង់​ស៊ីឡូរ។

28 ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​យ៉ូអាប់ ហើយ​លោក​ក៏​រត់​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា ចាប់​កាន់​ស្នែង​អាស‌នា ដ្បិត​ទោះ​បើ​លោក​មិន​បាន​ទៅ​តាម​អាប់‌សា‌ឡំម​ក៏​ពិត ប៉ុន្តែ​បាន​និយម​តាម​អ័ដូ‌នីយ៉ា​ដែរ

29 មាន​គេ​មក​ក្រាប​ទូល​ស្តេច​សាឡូ‌ម៉ូន​ថា យ៉ូអាប់​បាន​រត់​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ក៏​នៅ​ជិត​អាស‌នា នោះ​សាឡូ‌ម៉ូន​ចាត់​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ទៅ​ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ប្រហារ​ជីវិត​វា​ទៅ