30 បេណាយ៉ាក៏ទៅឯត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា ស្តេចទ្រង់បង្គាប់ឲ្យចេញមក តែលោកប្រកែកថា ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ ដូច្នេះបេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចថា យ៉ូអាប់បានឆ្លើយមកទូលបង្គំយ៉ាងនោះ
31 ស្តេចមានព្រះបន្ទូលតបថា ចូរធ្វើតាមពាក្យវាចុះ ចូរសំឡាប់វា ហើយកប់វាទៅ ដើម្បីនឹងលុបឈាម ដែលយ៉ូអាប់បានកំចាយ ដោយឥតហេតុចេញពីយើង ហើយពីជំនួរវង្ស នៃព្រះវរបិតាយើងទៅ
32 ព្រះយេហូវ៉ាទ្រង់នឹងទំលាក់ឈាមវា ទៅលើក្បាលខ្លួនវាវិញ ពីព្រោះវាបានប្រហារជីវិតមនុស្ស២នាក់ ដែលសុចរិត ហើយល្អជាងវា ដោយកាប់នឹងដាវ តែដាវីឌជាព្រះវរបិតាយើងទ្រង់មិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា
33 ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ ហើយនឹងពូជពង្សវាជាដរាបទៅ តែចំណែកឯដាវីឌ និងពូជពង្សទ្រង់ ព្រមទាំងជំនួរវង្សទ្រង់ ហើយរាជ្យរបស់ទ្រង់នោះនឹងបានសេចក្តីសុខសាន្ត មកអំពីព្រះយេហូវ៉ា ជានិច្ចតទៅវិញ
34 ដូច្នេះ បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ឡើងទៅប្រហារសំឡាប់យ៉ូអាប់បង់ រួចគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន
35 ស្តេចទ្រង់ក៏តាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសាដុកដ៏ជាសង្ឃ ជំនួសអ័បៀថើរដែរ។
36 រួមមក ស្តេចទ្រង់ចាត់គេទៅ ឲ្យហៅស៊ីម៉ាយមកបង្គាប់ថា ចូរឯងសង់ផ្ទះ១នៅក្រុងយេរូសាឡិមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំឲ្យចេញទៅឯណាទៀតឡើយ