១ ពង្សាវតារក្សត្រ 2:32-38 KHOV

32 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទំលាក់​ឈាម​វា ទៅ​លើ​ក្បាល​ខ្លួន​វា​វិញ ពី​ព្រោះ​វា​បាន​ប្រហារ​ជីវិត​មនុស្ស​២​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​វា ដោយ​កាប់​នឹង​ដាវ តែ​ដាវីឌ​ជា​ព្រះ‌វរ‌បិតា​យើង​ទ្រង់​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ាសា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា

33 ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ ហើយ​នឹង​ពូជ‌ពង្ស​វា​ជា​ដរាប​ទៅ តែ​ចំណែក​ឯ​ដាវីឌ និង​ពូជ‌ពង្ស​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស​ទ្រង់ ហើយ​រាជ្យ​របស់​ទ្រង់​នោះ​នឹង​បាន​សេចក្តី​សុខ‌សាន្ត មក​អំពី​ព្រះ‌យេហូវ៉ា ជានិច្ច​ត​ទៅ​វិញ

34 ដូច្នេះ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ក៏​ឡើង​ទៅ​ប្រហារ​សំឡាប់​យ៉ូអាប់​បង់ រួច​គេ​បញ្ចុះ​ក្នុង​ម៉ុង​របស់​លោក​នៅ​ទី​រហោ‌ស្ថាន

35 ស្តេច​ទ្រង់​ក៏​តាំង​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សាដុក​ដ៏​ជា​សង្ឃ ជំនួស​អ័បៀ‌ថើរ​ដែរ។

36 រួម​មក ស្តេច​ទ្រង់​ចាត់​គេ​ទៅ ឲ្យ​ហៅ​ស៊ីម៉ាយ​មក​បង្គាប់​ថា ចូរ​ឯង​សង់​ផ្ទះ​១​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ កុំ​ឲ្យ​ចេញ​ទៅ​ឯ​ណា​ទៀត​ឡើយ

37 ដ្បិត​នៅ​ថ្ងៃ​ណា ដែល​ឯង​ចេញ​ទៅ ឆ្លង​ជ្រោះ​កេដ្រុន នោះ​ចូរ​ឯង​ដឹង​ខ្លួន​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​ឯង​នឹង​ធ្លាក់​លើ​ក្បាល​ឯង​វិញ

38 ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា ព្រះ‌បន្ទូល​ទ្រង់​ល្អ​ណាស់ ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​មាន​ព្រះ‌បន្ទូល ហើយ​ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ជា​យូរ។