១ ពង្សាវតារក្សត្រ 2:4-10 KHOV

4 ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អញ​ថា បើ​កូន​ចៅ​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​អញ ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ។

5 មួយ​ទៀត​ឯង​ដឹង​ការ ដែល​យ៉ូអាប់ ជា​កូន​សេរូយ៉ា​បាន​ប្រព្រឹត្ត​នឹង​អញ ជា​ការ​ដែល​វា​បាន​ធ្វើ​ដល់​មេ‌ទ័ព​សាសន៍​អ៊ីស្រា‌អែល​២​នាក់​នោះ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ​ហើយ​នឹង​អ័ម៉ាសា ជា​កូន​យេធើ ដែល​វា​បាន​សំឡាប់​បង់ ទាំង​កំចាយ​ឈាម​ចំបាំង នៅ​វេលា​សុខ‌សាន្ត‌ត្រាណ ក៏​បាន​ប្រឡាក់​សំពត់​ក្រវាត់ ដែល​នៅ​ចង្កេះ​ខ្លួន និង​ស្បែក​ជើង​ដែល​វា​ពាក់ ដោយ​ឈាម​ចំបាំង

6 ដូច្នេះ ចូរ​ឯង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​របស់​ឯង កុំ​ឲ្យ​សក់​ស្កូវ​របស់​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដោយ​សុខ‌សាន្ត​ឡើយ

7 តែ​ចូរ​សំដែង​សេចក្តី​សប្បុរស ដល់​ពួក​កូន​បារស៊ី‌ឡាយ​ជា​ពួក​ស្រុក​កាឡាត​វិញ ហើយ​ឲ្យ​គេ​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិភោគ​នៅ​តុ​ឯង ដ្បិត​គេ​បាន​មក​ទទួល​អញ នៅ​គ្រា​ដែល​អញ​បាន​រត់​ពី​អាប់‌សា‌ឡំម ជា​បង​ឯង​ទៅ

8 មួយ​ទៀត​មាន​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ជា​អ្នក​ស្រុក​បាហ៊ូរីម នៅ​ជា​មួយ​នឹង​ឯង​ដែរ វា​បាន​ជេរ​ប្រមាថ​ដល់​អញ ដោយ​ពាក្យ​ជេរ​យ៉ាង​ធ្ងន់ នៅ​ថ្ងៃ​ដែល​អញ​បាន​ទៅ​ឯ​ស្រុក​ម៉ាហា‌ណែម ប៉ុន្តែ​វា​បាន​ចុះ​មក​ក្រាប​ទទួល​អញ​នៅ​ទន្លេ​យ័រដាន់​វិញ ហើយ​អញ​បាន​ស្បថ​នឹង​វា​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អញ​មិន​សំឡាប់​វា​ដោយ​ដាវ​ទេ

9 ដូច្នេះ កុំ​ទុក​ឲ្យ​វា​នៅ​ជា​ឥត​ទោស​ឡើយ ដ្បិត​ឯង​ជា​អ្នក​ប្រាជ្ញ ឯង​ដឹង​ជា​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ដល់​វា ត្រូវ​ឲ្យ​សក់​ស្កូវ​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ឈាម។

10 ស្រេច​ហើយ ដាវីឌ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ទី​ក្រុង​ដាវីឌ