6 ដូច្នេះ ចូរឯងប្រព្រឹត្តដោយប្រាជ្ញារបស់ឯង កុំឲ្យសក់ស្កូវរបស់វាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ
7 តែចូរសំដែងសេចក្តីសប្បុរស ដល់ពួកកូនបារស៊ីឡាយជាពួកស្រុកកាឡាតវិញ ហើយឲ្យគេនៅក្នុងពួកអ្នកដែលបរិភោគនៅតុឯង ដ្បិតគេបានមកទទួលអញ នៅគ្រាដែលអញបានរត់ពីអាប់សាឡំម ជាបងឯងទៅ
8 មួយទៀតមានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយនឹងឯងដែរ វាបានជេរប្រមាថដល់អញ ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលអញបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែវាបានចុះមកក្រាបទទួលអញនៅទន្លេយ័រដាន់វិញ ហើយអញបានស្បថនឹងវាដោយនូវព្រះយេហូវ៉ាថា អញមិនសំឡាប់វាដោយដាវទេ
9 ដូច្នេះ កុំទុកឲ្យវានៅជាឥតទោសឡើយ ដ្បិតឯងជាអ្នកប្រាជ្ញ ឯងដឹងជាត្រូវប្រព្រឹត្តយ៉ាងណាដល់វា ត្រូវឲ្យសក់ស្កូវវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម។
10 ស្រេចហើយ ដាវីឌក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុងដាវីឌ
11 ឯពេលវេលាដែលស្តេចដាវីឌសោយរាជ្យលើសាសន៍អ៊ីស្រាអែល ទាំងអស់បាន៤០ឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ
12 រួចសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្ករបស់ដាវីឌ ជាព្រះបិតាទ្រង់ ហើយរាជ្យទ្រង់ក៏បានខ្ជាប់ខ្ជួនមាំមួនឡើង។