1 គ្រានោះ បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ទ្រង់មក មានស្តេចរង៣២អង្គនៅជាមួយនឹងទ្រង់ ព្រមទាំងសេះ និងរទេះចំបាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
2 ក៏ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា បេន-ហាដាឌ់ទ្រង់មានព្រះបន្ទូលដូច្នេះថា
3 មាសប្រាក់របស់ឯងជារបស់ផងអញវិញ ហើយប្រពន្ធកូនទាំងប៉ុន្មានរបស់ឯង ដែលមានរូបល្អបំផុត នោះសុទ្ធតែរបស់ផងអញដែរ
4 ស្តេចអ៊ីស្រាអែលក៏តបទៅថា បពិត្រស្តេចជាម្ចាស់អើយ តាមព្រះបន្ទូលទ្រង់ នោះខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន ក៏ជារបស់ផងទ្រង់ដែរ
5 រួចពួករាជទូតក៏មកម្តងទៀត ទូលថា បេន-ហាដាឌ់ទ្រង់មានព្រះបន្ទូលម្តងហើយថា អញបានចាត់ទូតឲ្យមកឯងប្រាប់ថា ត្រូវឲ្យឯងប្រគល់មាស ប្រាក់ និងប្រពន្ធកូនឯងមកអញ
6 តែដល់ថ្ងៃស្អែកពេលថ្មើរនេះ នោះអញនឹងចាត់ពួកអញឲ្យមកឯឯង គេនឹងឆែកមើលក្នុងដំណាក់ឯង ហើយក្នុងផ្ទះពួកបំរើឯង ឯរបស់ណាដែលជាទីគាប់ភ្នែកឯង នោះគេនឹងចាប់កាន់នៅដៃយកទៅ។
7 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានព្រះបន្ទូលថា សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូត ឲ្យមកទារយកប្រពន្ធកូន និងមាសប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ