១ ពង្សាវតារក្សត្រ 20:15-21 KHOV

15 ដូច្នេះ ស្តេច​ក៏​ចេញ​ទៅ ត្រួត​មើល​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ឃើញ​មាន​គ្នា​២៣២​នាក់ បន្ទាប់​មក ស្តេច​ក៏​ត្រួត​មើល​បណ្តា‌ជន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឃើញ​មាន​៧​ពាន់​នាក់។

16 គេ​ក៏​ចេញ​ទៅ​នៅ​ពេល​ថ្ងៃ​ត្រង់ ឯ​បេន-ហាឌាឌ់ និង​ពួក​ស្តេច​រង​ទាំង​៣២​អង្គ ដែល​មក​ជួយ​ទ្រង់ គេ​កំពុង​តែ​សោយ​ស្រា​ស្រវឹង នៅ​ក្នុង​ពន្លា

17 ហើយ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន​ក៏​នាំ​មុខ​ចេញ​ទៅ បេន-ហា‌ដាឌ់​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ក្រៅ​មើល អ្នក​នោះ​មក​ទូល​ដល់​ទ្រង់​វិញ​ថា មាន​ពួក​មនុស្ស​ចេញ​ពី​ក្រុង​សាម៉ារី​មក​ហើយ

18 នោះ​ទ្រង់​បង្គាប់​ថា ទោះ​បើ​គេ​ចេញ​មក​ដោយ​មេត្រី ឬ​ដោយ​ចង់​ធ្វើ​សង្គ្រាម​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​គេ​មក​ទាំង​រស់​ដែរ

19 យ៉ាង​នោះ​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន និង​កង‌ទ័ព​ដែល​ទៅ​តាម​ក្រោយ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ

20 គ្រប់​គ្នា​ក៏​សំឡាប់​ខ្មាំង​សត្រូវ​ដែល​ត​នឹង​ខ្លួន ដូច្នេះ ពួក​ស៊ីរី​គេ​បែក‌ខ្ញែក​រត់​ទៅ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដេញ​តាម​ឯ​បេន-ហាឌាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ជិះ​សេះ​រត់​រួច​ជា​មួយ​នឹង​ពួក​ទ័ព​សេះ

21 នេះ​គឺ​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចេញ​ទៅ​វាយ​ទាំង​ពួក​ទ័ព​សេះ និង​រទេះ​ចំបាំង ប្រហារ​ជីវិត​ពួក​ស៊ីរី​យ៉ាង​សន្ធឹក។