១ ពង្សាវតារក្សត្រ 20:21-27 KHOV

21 នេះ​គឺ​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចេញ​ទៅ​វាយ​ទាំង​ពួក​ទ័ព​សេះ និង​រទេះ​ចំបាំង ប្រហារ​ជីវិត​ពួក​ស៊ីរី​យ៉ាង​សន្ធឹក។

22 រួច​មក ហោរា​នោះ​ក៏​ចូល​ទៅ​ឯ​ស្តេច​អ៊ីស្រា‌អែល​ទូល​ថា សូម​ទ្រង់​ទៅ​ចំរើន​កំឡាំង​ឡើង ហើយ​ខំ​ប្រឹង​មើល​ការ​ដែល​ទ្រង់​ធ្វើ ដ្បិត​ដល់​ចូល​ឆ្នាំ​ថ្មី ស្តេច​ស៊ីរី​នឹង​ឡើង​មក​ច្បាំង​នឹង​ទ្រង់​ទៀត។

23 ឯ​ពួក​ជំនិត​ខាង​ស្តេច​ស៊ីរី​គេ​ទូល​ស្តេច​របស់​ខ្លួន​ថា ព្រះ​របស់​គេ​ជា​ព្រះ​នៃ​ភ្នំ បាន​ជា​ម្តង​នេះ​គេ​ពូកែ​ជាង​យើង​រាល់​គ្នា ដូច្នេះ សូម​យើង​រាល់​គ្នា​ត​នឹង​គេ​នៅ​ស្រុក​វាល​ចុះ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​ពូកែ​ជាង​គេ​វិញ

24 ហើយ​ត្រូវ​ធ្វើ​ដូច្នេះ គឺ​ត្រូវ​ដក​ពួក​ស្តេច​ទាំង​ប៉ុន្មាន​ពី​ចំណែក​របស់​ទ្រង់​ចេញ ហើយ​តាំង​ឲ្យ​មាន​មេ‌ទ័ព​ឡើង​ជំនួស​វិញ

25 រួច​សូម​លើក​ពល‌ទ័ព ឲ្យ​ស្មើ​នឹង​ពល‌ទ័ព​ដែល​ទើប​នឹង​បាត់​នោះ គឺ​ចំនួន​សេះ​ស្មើ​គ្នា និង​ចំនួន​រទេះ​ក៏​ស្មើ​គ្នា នោះ​យើង​រាល់​គ្នា​នឹង​ច្បាំង​នឹង​គេ​នៅ​ស្រុក​វាល ប្រាកដ​ជា​យើង​នឹង​មាន​កំឡាំង​ជាង​គេ ទ្រង់​ក៏​យល់​ព្រម​តាម​ពាក្យ​គេ ហើយ​បាន​ធ្វើ​ដូច្នោះ។

26 លុះ​ដល់​ចូល​ឆ្នាំ​ថ្មី បេន-ហា‌ដាឌ់​ក៏​ត្រួត​មើល​ពួក​ទ័ព​ស៊ីរី ហើយ​ឡើង​ទៅ​ដល់​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល

27 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មាន​គេ​ត្រួត‌ត្រា​មើល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ​ដែរ រួច​គេ​ចេញ​ទៅ​ទាស់​នឹង​ពួក​ស៊ីរី ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បោះ​ទ័ព​ទល់​មុខ​នឹង​ពួក​ស៊ីរី ដូច​ជា​កូន​ពពែ​២​ហ្វូង​យ៉ាង​តូច តែ​ពួក​ស៊ីរី គេ​នៅ​ពេញ‌ពាស ក្នុង​ស្រុក​នោះ