30 ឯសំណល់ដែលសល់នៅ គេបានរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំមក សង្កត់ស្លាប់អស់២ម៉ឺន៧ពាន់នាក់ទៀត ឯបេន-ហាឌាឌ់ទ្រង់រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។
31 ពួកជំនិតទ្រង់ទូលថា យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្តីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណាទេដឹង
32 ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា បេន-ហាឌាឌ់ជាអ្នកបំរើទ្រង់ទូលថា សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង ស្តេចអ៊ីស្រាអែលទ្រង់សួរថា ដូច្នេះតើលោកនៅរស់នៅឡើយឬ លោកជាបងប្អូននឹងយើងដែរ
33 អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា ហ្នឹងហើយបងប្អូនទ្រង់ រួចទ្រង់ប្រាប់គេថា ចូរទៅនាំលោកមក ដូច្នេះបេន-ហាឌាឌ់ក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយនឹងទ្រង់
34 នោះបេន-ហាដាឌ់ទូលទ្រង់ថា អស់ទាំងទីក្រុងដែលព្រះបិតាទូលបង្គំបានរឹបយកពីព្រះបិតាទ្រង់ នោះទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សំរាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាព្រះបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ អ័ហាប់មានព្រះបន្ទូលឆ្លើយថា ឯខ្ញុំៗនឹងឲ្យលោកទៅវិញ ដោយសេចក្តីសញ្ញានេះ ដូច្នេះ ទ្រង់ក៏តាំងសេចក្តីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
35 បន្ទាប់មក មានម្នាក់ជាសិស្សពួកហោរា គាត់និយាយទៅគូកន ដោយព្រះបន្ទូលព្រះយេហូវ៉ាថា សូមឲ្យវាយខ្ញុំចុះ តែអ្នកនោះមិនព្រមវាយទេ
36 គាត់ក៏ប្រាប់ថា ដោយព្រោះអ្នកមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ានោះមើល កាលណាអ្នកចេញពីខ្ញុំទៅ នឹងមានសិង្ហមកសំឡាប់អ្នក ដូច្នេះ កាលអ្នកនោះបានចេញពីគាត់ទៅ ក៏មានសិង្ហ១មកប្រទះ ហើយសំឡាប់ទៅ