១ ពង្សាវតារក្សត្រ 20:33-39 KHOV

33 អ្នក​ទាំង​នោះ​បាន​យក​ពាក្យ​នោះ​ទុក​ជា​ផ្នូល​ល្អ ក៏​ទូល​តប​ភ្លាម​ថា ហ្នឹង​ហើយ​បង​ប្អូន​ទ្រង់ រួច​ទ្រង់​ប្រាប់​គេ​ថា ចូរ​ទៅ​នាំ​លោក​មក ដូច្នេះ​បេន-ហាឌាឌ់​ក៏​ចេញ​មក​គាល់​ទ្រង់ ហើយ​ទ្រង់​ឲ្យ​ឡើង​ជិះ​លើ​រាជ‌រថ​ជា​មួយ​នឹង​ទ្រង់

34 នោះ​បេន-ហា‌ដាឌ់​ទូល​ទ្រង់​ថា អស់​ទាំង​ទី​ក្រុង​ដែល​ព្រះ‌បិតា​ទូល‌បង្គំ​បាន​រឹប​យក​ពី​ព្រះ‌បិតា​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​ប្រគល់​ថ្វាយ​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​ធ្វើ​ថ្នល់​សំរាប់​ទ្រង់​នៅ​ក្រុង​ដាម៉ាស​បាន ដូច​ជា​ព្រះ‌បិតា​ទូល‌បង្គំ​បាន​ធ្វើ​នៅ​ក្រុង​សាម៉ារី​ដែរ អ័ហាប់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឯ​ខ្ញុំៗ​នឹង​ឲ្យ​លោក​ទៅ​វិញ ដោយ​សេចក្តី​សញ្ញា​នេះ ដូច្នេះ ទ្រង់​ក៏​តាំង​សេចក្តី​សញ្ញា​នឹង​គ្នា រួច​លែង​ឲ្យ​ទៅ​វិញ។

35 បន្ទាប់​មក មាន​ម្នាក់​ជា​សិស្ស​ពួក​ហោរា គាត់​និយាយ​ទៅ​គូ‌កន ដោយ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ថា សូម​ឲ្យ​វាយ​ខ្ញុំ​ចុះ តែ​អ្នក​នោះ​មិន​ព្រម​វាយ​ទេ

36 គាត់​ក៏​ប្រាប់​ថា ដោយ​ព្រោះ​អ្នក​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នោះ​មើល កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នឹង​មាន​សិង្ហ​មក​សំឡាប់​អ្នក ដូច្នេះ កាល​អ្នក​នោះ​បាន​ចេញ​ពី​គាត់​ទៅ ក៏​មាន​សិង្ហ​១​មក​ប្រទះ ហើយ​សំឡាប់​ទៅ

37 រួច​គាត់​ជួប​នឹង​ម្នាក់​ទៀត ប្រាប់​ថា សូម​ឲ្យ​អ្នក​វាយ​ខ្ញុំ​ចុះ អ្នក​នោះ​ក៏​វាយ​គាត់​ឲ្យ​មាន​របួស

38 នោះ​ហោរា​ក៏​ក្លែង​ខ្លួន ដោយ​យក​សំពត់​ឈ្នួត​មក​បិទ​ភ្នែក រួច​ទៅ​នៅ​ចាំ​ស្តេច​យាង​មក​តាម​ផ្លូវ

39 កាល​ស្តេច​ទ្រង់​យាង​មក​តាម​ផ្លូវ នោះ​គាត់​ស្រែក​ឡើង​ទូល​ថា ទូល‌បង្គំ​បាន​ចេញ​ទៅ​ឯ​កណ្តាល​ទី​ចំបាំង ហើយ​មើល មាន​ម្នាក់​ទៀត​បែរ​មក នាំ​មនុស្ស​ម្នាក់​មក​ឯ​ទូល‌បង្គំ ដោយ​បង្គាប់​ថា ចូរ​រក្សា​មនុស្ស​នេះ​ទុក បើ​វា​បាត់​ទៅ​ដោយ​ហេតុ​ណា នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ឬ​ត្រូវ​ឲ្យ​ឯង​សង​អញ​ជា​ប្រាក់​១​ហាប