១ ពង្សាវតារក្សត្រ 20:7-13 KHOV

7 ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក​មក មាន​ព្រះ‌បន្ទូល​ថា សូម​អ្នក​រាល់​គ្នា​ពិចារណា​មើល ដែល​មនុស្ស​នេះ​រក​រឿង​ហេតុ​នឹង​យើង​ជា​យ៉ាង​ណា ដ្បិត​វា​បាន​ចាត់​ទូត ឲ្យ​មក​ទារ​យក​ប្រពន្ធ​កូន និង​មាស​ប្រាក់​របស់​យើង​ទៅ យើង​ក៏​ឥត​មាន​ប្រកែក​ឡើយ

8 នោះ​ពួក​ចាស់‌ទុំ និង​ប្រជា‌ជន​ទាំង‌ឡាយ​ទូល​ឆ្លើយ​ឡើង​ថា សូម​ទ្រង់​កុំ​ស្តាប់ ឬ​ព្រម​តាម​គេ​ឡើយ

9 ហេតុ​ដូច្នេះ​ទ្រង់​ឆ្លើយ​ប្រាប់​ទៅ​ពួក​រាជ‌ទូត​របស់​បេន-ហា‌ដាឌ់​ថា ចូរ​ទៅ​ទូល​ស្តេច​ជា​ម្ចាស់​យើង​ថា គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​ចាត់​មក​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ​ជាន់​មុន នោះ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ហើយ តែ​សេចក្តី​ក្រោយ​នេះ​ខ្ញុំ​មិន​អាច​នឹង​ធ្វើ​បាន​ទេ ពួក​រាជ‌ទូត​ក៏​នាំ​ពាក្យ​នោះ​ទៅ​ទូល​ដល់​បេន-ហា‌ដាឌ់​វិញ

10 ដូច្នេះ ទ្រង់​ចាត់​គេ​ឲ្យ​មក​ទូល​ថា បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​១​កំបង់​ដៃ ដល់​ពួក​អ្នក​ដែល​តាម​អញ​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​អញ​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង

11 រួច​ស្តេច​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​បេន-ហាឌាឌ់​វិញ​ថា កុំ​បី​ឲ្យ​អ្នក​ដែល​កំពុង​តែ​ពាក់​គ្រឿង​ក្រោះ​អួត​អាង​ខ្លួន ដូច​ជា​អ្នក​ដែល​ដោះ​គ្រឿង​ចេញ​នោះ​ឡើយ

12 បេន-ហាឌាឌ់​បាន​ឮ​ពាក្យ​នោះ ក្នុង​វេលា​កំពុង​ដែល​សោយ​ស្រា​នៅ​ក្នុង​ពន្លា ជា​មួយ​នឹង​ពួក​ស្តេច​រង នោះ​ទ្រង់​ប្រាប់​ដល់​ពួក​ពល‌ទ័ព​ទ្រង់​ថា ចូរ​រៀប‌ចំ​ឡើង គេ​ក៏​ដំរៀប​គ្នា​រៀប​ច្បាំង​នឹង​ទី​ក្រុង។

13 ខណៈ​នោះ មាន​ហោរា​ម្នាក់​ចូល​ទៅ​គាល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឃើញ​ហ្វូង​ទ័ព​ធំ​នេះ​ឬ​ទេ មើល នៅ​ថ្ងៃ​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត