10 រួចនាំមនុស្សខូចអាក្រក់២នាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ ចោលនឹងថ្មសំឡាប់ទៅ។
11 ពួកមនុស្សនៅក្រុងរបស់គាត់ គឺជាពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅទីក្រុងជាមួយនឹងគាត់ គេក៏ធ្វើតាមសេចក្តីដែលយេសិបិលបានបង្គាប់ ដូចជាសេចក្តីដែលព្រះនាងបានសរសេរចុះក្នុងសំបុត្រ ផ្ញើទៅគេ
12 គេក៏ប្រកាសប្រាប់ឲ្យមានបុណ្យត្រណម ហើយដាក់ណាបោត ឲ្យអង្គុយនៅទីដ៏ប្រសើរកណ្តាលពួកជន
13 រួចមានមនុស្សខូចអាក្រក់២នាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខបណ្តាជនថា ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ដូច្នេះ គេនាំយកគាត់ចេញទៅឯក្រៅទីក្រុង ហើយចោលសំឡាប់នឹងថ្មទៅ
14 រួចហើយគេចាត់មនុស្សឲ្យទៅទូលយេសិបិល ឲ្យជ្រាបថា បានចោលសំឡាប់ណាបោតនឹងថ្មហើយ
15 កាលយេសិបិលបានឮថា គេបានចោលសំឡាប់ណាបោតនឹងថ្មហើយដូច្នោះ នោះព្រះនាងក៏ទូលអ័ហាប់ថា សូមតើនឡើងទៅទទួលយកចំការរបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលវាមិនព្រមលក់ថ្វាយនោះ មកទុកជារបស់ផងទ្រង់វិញចុះ ពីព្រោះណាបោតមិននៅរស់ទៀតទេ គឺវាស្លាប់ហើយ
16 ដូច្នេះ កាលអ័ហាប់បានជ្រាបថាណាបោតបានស្លាប់ នោះទ្រង់ក៏តើនឡើង ដើម្បីចុះទៅឯចំការរបស់ណាបោត ជាអ្នកស្រុកយេសរាល ប្រយោជន៍នឹងយកធ្វើជារបស់ផងទ្រង់ទៅ។