14 រួចហើយគេចាត់មនុស្សឲ្យទៅទូលយេសិបិល ឲ្យជ្រាបថា បានចោលសំឡាប់ណាបោតនឹងថ្មហើយ
15 កាលយេសិបិលបានឮថា គេបានចោលសំឡាប់ណាបោតនឹងថ្មហើយដូច្នោះ នោះព្រះនាងក៏ទូលអ័ហាប់ថា សូមតើនឡើងទៅទទួលយកចំការរបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលវាមិនព្រមលក់ថ្វាយនោះ មកទុកជារបស់ផងទ្រង់វិញចុះ ពីព្រោះណាបោតមិននៅរស់ទៀតទេ គឺវាស្លាប់ហើយ
16 ដូច្នេះ កាលអ័ហាប់បានជ្រាបថាណាបោតបានស្លាប់ នោះទ្រង់ក៏តើនឡើង ដើម្បីចុះទៅឯចំការរបស់ណាបោត ជាអ្នកស្រុកយេសរាល ប្រយោជន៍នឹងយកធ្វើជារបស់ផងទ្រង់ទៅ។
17 ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់អេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា
18 ចូរក្រោកឡើងចុះទៅជួបនឹងអ័ហាប់ ជាស្តេចអ៊ីស្រាអែល ដែលគង់នៅក្រុងសាម៉ារីទៅ មើល ទ្រង់នៅក្នុងចំការរបស់ណាបោត ទ្រង់បានចុះទៅទទួលយកចំការនោះ ទុកជារបស់ផងទ្រង់
19 ដូច្នេះ ឯងត្រូវទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើឯងបានសំឡាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ ក៏ត្រូវទូលដូច្នេះទៀតថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅកន្លែងដែលឆ្កែបានលិទ្ធឈាមរបស់ណាបោត នោះនឹងលិទ្ធឈាមរបស់ឯងដែរ
20 អ័ហាប់មានព្រះបន្ទូលតបថា ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ លោកទូលឆ្លើយថា ទាន់ហើយ ពីព្រោះព្រះករុណាបានលក់ព្រះអង្គទ្រង់ ឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា