21 មើល អញនឹងនាំសេចក្តីវេទនាមកលើឯង អញនឹងបោសឯងចេញអស់រលីង ហើយនឹងកាត់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ព្រមទាំងអ្នកបិទបាំងទុក និងអ្នកដែលឥតមានចំណង ក្នុងពួកអ៊ីស្រាអែលផង
22 អញនឹងធ្វើឲ្យជំនួរវង្សរបស់ឯងបានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យអញបានក្នាញ់ក្នុងព្រះទ័យ ហើយបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ
23 ព្រះយេហូវ៉ាក៏មានព្រះបន្ទូលពីដំណើរយេសិបិលដែរថា ឆ្កែនឹងទំពាស៊ីយេសិបិល នៅជិតកំផែងក្រុងយេសរាល
24 អ្នកណាក្នុងពូជពង្សអ័ហាប់ ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីវិញ
25 រីឯអ័ហាប់ គ្មានអ្នកណាមួយឲ្យដូចទ្រង់ ដែលបានលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិល ជាភរិយាបានញុះញង់នោះទេ
26 ទ្រង់បានប្រព្រឹត្តបែបគួរស្អប់ខ្ពើមណាស់ ដោយគោរពប្រតិបត្តិតាមអស់ទាំងរូបព្រះ តាមគ្រប់ទាំងទំនៀមរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
27 កាលអ័ហាប់បានឮពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រទ្រង់ រួចស្លៀកសំពត់ធ្មៃវិញ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ