17 គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ដោយសេចក្តីសុខចុះ
18 ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអី ថាវាមិនដែលទាយល្អពីទូលបង្គំទេ គឺទាយតែអាក្រក់ប៉ុណ្ណោះ
19 នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ និងខាងឆ្វេង
20 ហើយព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា តើអ្នកណានឹងទៅបបួលអ័ហាប់ ឲ្យឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ
21 រួចមានវិញ្ញាណ១ចេញមកឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ
22 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា នឹងធ្វើយ៉ាងណាទៅ វិញ្ញាណនោះទូលថា ទូលបង្គំនឹងចេញទៅធ្វើជាវិញ្ញាណភូតកុហក នៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសំរេចបាន
23 ដូច្នេះ មើល ឥឡូវនេះព្រះយេហូវ៉ាទ្រង់ដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសេចក្តីអន្តរាយ ដែលនឹងកើតដល់ព្រះករុណាវិញ។