១ ពង្សាវតារក្សត្រ 22:36-42 KHOV

36 រួច​ដល់​ពេល​ថ្ងៃ​លិច នោះ​ក៏​មាន​ឮ​សំរែក នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង និង​ស្រុក​របស់​ខ្លួន​វិញ​ទៅ។

37 គឺ​យ៉ាង​នោះ​ដែល​ស្តេច​ទ្រង់​សុគត ហើយ​គេ​ក៏​នាំ​សព​ទ្រង់​មក​វិញ បញ្ចុះ​នៅ​ក្នុង​ក្រុង​សាម៉ារី

38 គេ​លាង​ព្រះ‌រាជ‌រថ​នៅ​ត្រង់​ស្រះ​ទឹក​នៃ​ក្រុង​សាម៉ារី ហើយ​មាន​ឆ្កែ​លិទ្ធ​ឈាម (រីឯ​នៅ​ទី​នោះ​ពួក​ស្រី​សំផឹង​តែង​ងូត​ទឹក) តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក

39 ឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាប់ និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ និង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

40 គឺ​យ៉ាង​នោះ ដែល​អ័ហាប់​បាន​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

41 រីឯ​នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល នោះ​យ៉ូសា‌ផាត ជា​កូន​អេសា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា

42 កាល​យ៉ូសា‌ផាត​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ស៊ូបា បុត្រី​ស៊ីលហ៊ី