47 គ្រានោះ នៅស្រុកអេដំមគ្មានស្តេចទេ មានតែអ្នកតំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ
48 យ៉ូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីនឹងទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ពីព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរវិញ
49 គ្រានោះ អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ក៏ទូលដល់យ៉ូសាផាតថា សូមឲ្យពួកបំរើទូលបង្គំ បានចុះនាវាទៅជាមួយនឹងពួកបំរើទ្រង់ផង តែយ៉ូសាផាតទ្រង់មិនព្រមទេ
50 រួចមកយ៉ូសាផាតក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងក្រុងរបស់ដាវីឌ ជាអយ្យកោ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
51 ឯអ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យនៅក្រុងសាម៉ារី លើពួកអ៊ីស្រាអែល ក្នុងឆ្នាំទី១៧នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបាន២ឆ្នាំ
52 ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ដើរតាមផ្លូវរបស់ព្រះបិតា និងព្រះមាតាទ្រង់ ហើយតាមផ្លូវរបស់យេរ៉ូបោម ជាកូននេបាត ដែលបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះដែរ
53 ទ្រង់បានគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះបាល ជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្តីក្រោធ ដូចជាព្រះបិតាបានធ្វើដែរ។:៚