1 ឯសាឡូម៉ូន ទ្រង់ចងញាតិពន្ធនឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដោយយកបុត្រីផារ៉ោនធ្វើជាភរិយា ហើយនាំនាងមកក្នុងក្រុងដាវីឌ ទាល់តែទ្រង់បានសង់ដំណាក់របស់ទ្រង់ និងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងកំផែងជុំវិញក្រុងយេរូសាឡិមរួចជាស្រេច
2 នៅគ្រានោះ បណ្តាជនគេថ្វាយយញ្ញបូជា នៅតែលើទីខ្ពស់ទាំងប៉ុន្មាន ពីព្រោះមិនទាន់បានស្អាងព្រះវិហារណា ថ្វាយដល់ព្រះនាមព្រះយេហូវ៉ានៅឡើយ
3 រីឯសាឡូម៉ូន ទ្រង់ស្រឡាញ់ដល់ព្រះយេហូវ៉ា ហើយបានកាន់តាមបញ្ញត្តទាំងប៉ុន្មានរបស់ដាវីឌជាព្រះវរបិតាទ្រង់ វៀរតែការដែលថ្វាយយញ្ញបូជា នឹងដុតកំញាន នៅលើអស់ទាំងទីខ្ពស់ប៉ុណ្ណោះ។
4 ស្តេចសាឡូម៉ូន ទ្រង់ក៏យាងទៅឯគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ពីព្រោះទីខ្ពស់នោះ ជាទីយ៉ាងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនានៅទីនោះ
5 ហើយនៅត្រង់គីបៀននោះ ព្រះយេហូវ៉ាទ្រង់ក៏លេចមក ឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅវេលាយប់ ដោយព្រះបន្ទូលថា ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ
6 នោះសាឡូម៉ូនទ្រង់ទូលឆ្លើយថា ព្រះអង្គបានសំដែងសេចក្តីសប្បុរសដ៏ធំដល់បាវបំរើទ្រង់ គឺដាវីឌ ជាព្រះវរបិតានៃទូលបង្គំ តាមដែលលោកបានប្រព្រឹត្តនៅចំពោះទ្រង់ ដោយសេចក្តីពិត និងសេចក្តីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ទ្រង់ ព្រះអង្គក៏បានបំរុងទុកសេចក្តីសប្បុរសដ៏ធំនេះ ឲ្យលោកទៀត គឺបានប្រទានឲ្យលោកមានកូន សំរាប់អង្គុយលើបល្ល័ង្ករបស់លោក ដូចជាមានសព្វថ្ងៃនេះ
7 ឥឡូវនេះ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់បានតាំងទូលបង្គំជាបាវបំរើទ្រង់ឡើង ធ្វើជាស្តេចជំនួសដាវីឌព្រះបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ