១ ពង្សាវតារក្សត្រ 3:2-8 KHOV

2 នៅ​គ្រា​នោះ បណ្តា‌ជន​គេ​ថ្វាយ​យញ្ញ‌បូជា នៅ​តែ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ពី​ព្រោះ​មិន​ទាន់​បាន​ស្អាង​ព្រះ‌វិហារ​ណា ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៅ​ឡើយ

3 រីឯ​សាឡូ‌ម៉ូន ទ្រង់​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ជា​ព្រះ‌វរ‌បិតា​ទ្រង់ វៀរ​តែ​ការ​ដែល​ថ្វាយ​យញ្ញ‌បូជា នឹង​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​ប៉ុណ្ណោះ។

4 ស្តេច​សាឡូ‌ម៉ូន ទ្រង់​ក៏​យាង​ទៅ​ឯ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ពី​ព្រោះ​ទី​ខ្ពស់​នោះ ជា​ទី​យ៉ាង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាស‌នា​នៅ​ទី​នោះ

5 ហើយ​នៅ​ត្រង់​គីបៀន​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​លេច​មក ឲ្យ​សាឡូ‌ម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​វេលា​យប់ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ

6 នោះ​សាឡូ‌ម៉ូន​ទ្រង់​ទូល​ឆ្លើយ​ថា ព្រះ‌អង្គ​បាន​សំដែង​សេចក្តី​សប្បុរស​ដ៏​ធំ​ដល់​បាវ​បំរើ​ទ្រង់ គឺ​ដាវីឌ ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ តាម​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ពិត និង​សេចក្តី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ទ្រង់ ព្រះ‌អង្គ​ក៏​បាន​បំរុង​ទុក​សេចក្តី​សប្បុរស​ដ៏​ធំ​នេះ ឲ្យ​លោក​ទៀត គឺ​បាន​ប្រទាន​ឲ្យ​លោក​មាន​កូន សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

7 ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​បាន​តាំង​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​ឡើង ធ្វើ​ជា​ស្តេច​ជំនួស​ដាវីឌ​ព្រះ‌បិតា​ទូល‌បង្គំ តែ​ទូល‌បង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ

8 ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ នៅ​កណ្តាល​ប្រជា‌ជន ដែល​ទ្រង់​បាន​ជ្រើស‌រើស ជា​សាសន៍​១​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន