១ ពង្សាវតារក្សត្រ 3:22-28 KHOV

22 ស្ត្រី​១​ទៀត​នោះ​ក៏​ឆ្លើយ​កាត់​ទៅ​ថា ទេ មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ដែល​រស់​នៅ នោះ​ជា​កូន​របស់​អញ ហើយ​កូន​ដែល​ស្លាប់​ទៅ​ជា​កូន​របស់​ឯង​វិញ តែ​ស្រី​នេះ​ប្រកែក​ថា មិន​មែន​ឡើយ គឺ​កូន​ដែល​ស្លាប់​ជា​កូន​របស់​ឯង ហើយ​កូន​ដែល​រស់​នៅ​នេះ​ជា​កូន​របស់​អញ​វិញ ស្ត្រី​ទាំង​២​បាន​ជជែក​គ្នា​យ៉ាង​នោះ​នៅ​ចំពោះ​ស្តេច។

23 ឯ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នាង​១​ថា កូន​រស់​នេះ ជា​កូន​របស់​អញ ហើយ​កូន​ស្លាប់​ជា​កូន​របស់​ឯង ហើយ​១​ទៀត​ថា មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ស្លាប់​ជា​របស់​ឯង ហើយ​កូន​រស់​ជា​របស់​អញ​វិញ

24 រួច​ស្តេច​ទ្រង់​បង្គាប់​ថា ចូរ​យក​ដាវ​១​មក​ណេះ នោះ​គេ​ក៏​យក​ដាវ​១​មក​នៅ​ចំពោះ​ស្តេច

25 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​កាប់​កូន​ដែល​នៅ​រស់​នោះ​ជា​២​ភាគ​ទៅ ចែក​១​ចំហៀង​ឲ្យ​ដល់​ស្ត្រី​នេះ ហើយ​១​ចំហៀង​ទៀត​ដល់​ស្ត្រី​នោះ

26 ដូច្នេះ ស្ត្រី​ដែល​ជា​ម្តាយ​នៃ​កូន​ដែល​រស់​ក៏​ទូល​ដល់​ស្តេច ដោយ​មាន​ចិត្ត​អាណិត​អាល័យ​ដល់​កូន​ខ្លួន​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ប្រទាន​កូន​រស់​ទៅ​គេ​ចុះ សូម​កុំ​ឲ្យ​តែ​សំឡាប់​ឡើយ តែ​ស្ត្រី​១​នោះ​ថា កូន​នេះ​មិន​ត្រូវ​បាន​ជា​របស់​ឯង​ឬ​របស់​អញ​ឡើយ ត្រូវ​ពុះ​ជា​២​ទៅ

27 ដូច្នេះ ស្តេច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​កូន​រស់​នោះ​ទៅ​នាង​ដើម​ចុះ កុំ​សំឡាប់​វា​ឡើយ ដ្បិត​នាង​នោះ​ជា​ម្តាយ​ពិត

28 ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ឮ​ពី​បែប​ដែល​ស្តេច​វិនិច្ឆ័យ​រឿង​នោះ ហើយ​គេ​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ទ្រង់​ដោយ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់ សំរាប់​នឹង​សំរេច​សេចក្តី​យុត្តិ‌ធម៌។