១ ពង្សាវតារក្សត្រ 3:4-10 KHOV

4 ស្តេច​សាឡូ‌ម៉ូន ទ្រង់​ក៏​យាង​ទៅ​ឯ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ពី​ព្រោះ​ទី​ខ្ពស់​នោះ ជា​ទី​យ៉ាង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាស‌នា​នៅ​ទី​នោះ

5 ហើយ​នៅ​ត្រង់​គីបៀន​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​លេច​មក ឲ្យ​សាឡូ‌ម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​វេលា​យប់ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ

6 នោះ​សាឡូ‌ម៉ូន​ទ្រង់​ទូល​ឆ្លើយ​ថា ព្រះ‌អង្គ​បាន​សំដែង​សេចក្តី​សប្បុរស​ដ៏​ធំ​ដល់​បាវ​បំរើ​ទ្រង់ គឺ​ដាវីឌ ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ តាម​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ពិត និង​សេចក្តី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ទ្រង់ ព្រះ‌អង្គ​ក៏​បាន​បំរុង​ទុក​សេចក្តី​សប្បុរស​ដ៏​ធំ​នេះ ឲ្យ​លោក​ទៀត គឺ​បាន​ប្រទាន​ឲ្យ​លោក​មាន​កូន សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

7 ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​បាន​តាំង​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​ឡើង ធ្វើ​ជា​ស្តេច​ជំនួស​ដាវីឌ​ព្រះ‌បិតា​ទូល‌បង្គំ តែ​ទូល‌បង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ

8 ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ នៅ​កណ្តាល​ប្រជា‌ជន ដែល​ទ្រង់​បាន​ជ្រើស‌រើស ជា​សាសន៍​១​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន

9 ដូច្នេះ សូម​ទ្រង់​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​ទ្រង់ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន។

10 ព្រះ‌អម្ចាស់ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​សេចក្តី​ដែល​សាឡូ‌ម៉ូន​បាន​សូម​នោះ