6 នោះសាឡូម៉ូនទ្រង់ទូលឆ្លើយថា ព្រះអង្គបានសំដែងសេចក្តីសប្បុរសដ៏ធំដល់បាវបំរើទ្រង់ គឺដាវីឌ ជាព្រះវរបិតានៃទូលបង្គំ តាមដែលលោកបានប្រព្រឹត្តនៅចំពោះទ្រង់ ដោយសេចក្តីពិត និងសេចក្តីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ទ្រង់ ព្រះអង្គក៏បានបំរុងទុកសេចក្តីសប្បុរសដ៏ធំនេះ ឲ្យលោកទៀត គឺបានប្រទានឲ្យលោកមានកូន សំរាប់អង្គុយលើបល្ល័ង្ករបស់លោក ដូចជាមានសព្វថ្ងៃនេះ
7 ឥឡូវនេះ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់បានតាំងទូលបង្គំជាបាវបំរើទ្រង់ឡើង ធ្វើជាស្តេចជំនួសដាវីឌព្រះបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ
8 ទូលបង្គំ ជាបាវបំរើទ្រង់ នៅកណ្តាលប្រជាជន ដែលទ្រង់បានជ្រើសរើស ជាសាសន៍១ធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន
9 ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ដែលមានគ្នាច្រើនទាំងនេះបាន។
10 ព្រះអម្ចាស់ ទ្រង់ក៏សព្វព្រះហឫទ័យចំពោះសេចក្តីដែលសាឡូម៉ូនបានសូមនោះ
11 ហើយទ្រង់មានព្រះបន្ទូលតបថា ដោយព្រោះឯងបានសូមសេចក្តីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតនៃពួកខ្មាំងសត្រូវឯង គឺបានសូមឲ្យមានយោបល់សំរាប់នឹងយល់សេចក្តីយុត្តិធម៌វិញ
12 ដូច្នេះ អញបានធ្វើតាមពាក្យឯងហើយ មើល អញបានឲ្យឯងមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដល់ម៉្លេះបានជាមុនឯងឥតមានអ្នកណាឲ្យដូចឯងឡើយ ហើយក្រោយឯង ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចឯងដែរ