8 ទូលបង្គំ ជាបាវបំរើទ្រង់ នៅកណ្តាលប្រជាជន ដែលទ្រង់បានជ្រើសរើស ជាសាសន៍១ធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន
9 ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ដែលមានគ្នាច្រើនទាំងនេះបាន។
10 ព្រះអម្ចាស់ ទ្រង់ក៏សព្វព្រះហឫទ័យចំពោះសេចក្តីដែលសាឡូម៉ូនបានសូមនោះ
11 ហើយទ្រង់មានព្រះបន្ទូលតបថា ដោយព្រោះឯងបានសូមសេចក្តីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតនៃពួកខ្មាំងសត្រូវឯង គឺបានសូមឲ្យមានយោបល់សំរាប់នឹងយល់សេចក្តីយុត្តិធម៌វិញ
12 ដូច្នេះ អញបានធ្វើតាមពាក្យឯងហើយ មើល អញបានឲ្យឯងមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដល់ម៉្លេះបានជាមុនឯងឥតមានអ្នកណាឲ្យដូចឯងឡើយ ហើយក្រោយឯង ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចឯងដែរ
13 អញក៏បានឲ្យសេចក្តីដែលឯងមិនបានសូមផង គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ ដល់ម៉្លេះបានជាក្នុងពួកស្តេចទាំងប៉ុន្មាននឹងគ្មានអ្នកណាមួយដូចឯង ដរាបដល់គ្រប់១ជីវិតឯងឡើយ
14 បើសិនជាឯងប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់អញ ដើម្បីនឹងកាន់តាមបញ្ញត្ត និងក្រឹត្យក្រមអញទាំងប៉ុន្មាន ដូចជាដាវីឌ ជាឪពុកឯង បានប្រព្រឹត្ត នោះអញនឹងចំរើនអាយុឯង ឲ្យបានវែងថែមទៀតដែរ