១ ពង្សាវតារក្សត្រ 4:21-27 KHOV

21 ចំណែក​សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ទៅ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​សាឡូ‌ម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម

22 ឯ​ស្បៀង​អាហារ​ដែល​ចាត់‌ចែង​សំរាប់​ព្រះ‌រាជ‌វាំង​ក្នុង​១​ថ្ងៃ នោះ​គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣០​រង្វាល់ ម្សៅ​ធម្មតា​៦០​រង្វាល់

23 គោ​យ៉ាង​ធាត់​១០ គោ​ដែល​រក​ស៊ី​នៅ​វាល​២០ ចៀម​១០០ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ និង​សត្វ​ស្លាប​ធាត់ៗ​ផង

24 ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង‌អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង‌អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្តី​សុខ​នៅ​គ្រប់​ទិស​ជុំវិញ

25 ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ទ្រើង​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ដរាប​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន

26 ទ្រង់​ក៏​មាន​រោង​សំរាប់​សេះ​៤​ម៉ឺន ដែល​ទឹម​រទេះ​ចំបាំង ហើយ​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់

27 ឯ​ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ស្តេច​សាឡូ‌ម៉ូន និង​អស់​ពួក​អ្នក​ដែល​ចូល​មក​បរិភោគ​នៅ​តុ​របស់​ទ្រង់ គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ