13 ស្តេចសាឡូម៉ូនទ្រង់ក៏កេណ្ឌមនុស្សពីគ្រប់ក្នុងពួកអ៊ីស្រាអែល បានចំនួន៣ម៉ឺននាក់
14 រួចទ្រង់ចាត់គេឲ្យទៅឯភ្នំល្បាណូន ដោយវេនក្នុង១ខែ ១ម៉ឺននាក់ គឺគេនៅឯភ្នំល្បាណូន១ខែ ហើយនៅឯផ្ទះ២ខែ មានអ័ដូនីរ៉ាមជាអ្នកត្រួតលើពួកមនុស្ស ដែលត្រូវកេណ្ឌមកធ្វើការនោះ
15 ទ្រង់ក៏មានមនុស្ស៧ម៉ឺននាក់ សំរាប់លីសែង ហើយ៨ម៉ឺននាក់ សំរាប់ដាប់ថ្មនៅឯភ្នំ
16 ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សំរាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ
17 ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេដាប់យកថ្មយ៉ាងធំៗមក ជាថ្មមានដំឡៃ សំរាប់ដាក់ធ្វើជាឫសជញ្ជាំងនៃព្រះវិហារ
18 ឯពួកជាងរបស់សាឡូម៉ូន និងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ និងថ្ម ទុកសំរាប់ស្អាងព្រះវិហារ។