7 ទ្រង់ក៏ធ្វើមន្ទីរបាំងសាចសំរាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិដាន
8 ឯដំណាក់ដែលទ្រង់គង់នៅ នោះបានធ្វើបែបដូចគ្នា ហើយមានទីធ្លា១ទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់១ បែបដូចជាមន្ទីរមុននោះ សំរាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។
9 ឯរបស់ទាំងអស់នេះបានធ្វើ ដោយថ្មមានដំឡៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹម ដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ
10 ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្ម មានដំឡៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះ១០ហត្ថ ខ្លះ៨ហត្ថ
11 ហើយពីនោះទៅលើក៏មានថ្ម ដែលមានដំឡៃ ដាប់តាមទំហំ និងឈើតាត្រៅផង
12 ឯទីធ្លាធំ នោះមានថ្មដាប់៣ជាន់ និងឈើតាត្រៅ១ជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ាហើយដូចជាបាំងសាចនៃព្រះវិហារដែរ។
13 ស្តេចសាឡូម៉ូន ទ្រង់ចាត់គេ ឲ្យទៅរកហ៊ីរ៉ាមនៅក្រុងទីរ៉ុសនាំមក