16 ចាប់តាំងពីថ្ងៃដែលអញបាននាំអ៊ីស្រាអែល ជារាស្ត្រអញចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះអញបាននៅទីនោះឡើយ តែអញបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជារាស្ត្រអញ
17 រីឯបំណងព្រះទ័យនៃដាវីឌជាបិតាយើង នោះទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ
18 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងមានចិត្តចង់ស្អាងវិហារសំរាប់ឈ្មោះអញ នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ
19 ប៉ុន្តែមិនត្រូវឲ្យឯងស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសំរាប់ឈ្មោះអញវិញ
20 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
21 ក៏បានតាំងកន្លែងនៅទីនេះ ទុកសំរាប់ហឹប ដែលមានសេចក្តីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្តីដែលទ្រង់បានតាំងនឹងពួកអយ្យកោយើង ពីកាលទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទ។
22 រួចមក សាឡូម៉ូនទ្រង់ឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា