១ ពង្សាវតារក្សត្រ 8:23-29 KHOV

23 ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​ផ្ទៃ​មេឃ​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម​ក្តី ទ្រង់​កាន់​តាម​សេចក្តី​សញ្ញា និង​សេចក្តី​សប្បុរស​ដល់​ពួក​បាវ​បំរើ​ទ្រង់ ដែល​ខំ​ដើរ​នៅ​ចំពោះ​ទ្រង់​អស់​ពី​ចិត្ត

24 ទ្រង់​បាន​កាន់​តាម​សេចក្តី​សន្យា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ អ្នក​បំរើ​ទ្រង់ ជា​បិតា​ទូល‌បង្គំ គឺ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឱស្ឋ ហើយ​បាន​សំរេច​តាម ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

25 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ទ្រង់​រក្សា​សេចក្តី​នេះ​ទៀត ជា​សេចក្តី​ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ របស់​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​បាន​ប្រុង‌ប្រយ័ត្ន​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​អញ ដូច​ជា​ឯង​បាន​ដើរ​នោះ​ដែរ

26 ដូច្នេះ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ឥឡូវ​នេះ សូម​ទ្រង់​បញ្ជាក់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ទូល‌បង្គំ គឺ​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់​ចុះ

27 យីអើ តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាលម៉ាន​ទៅ​ទៀត

28 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ​ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក និង​សេចក្តី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​សូម​ចំពោះ​ទ្រង់​នៅ​ថ្ងៃ​នេះ

29 ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់ បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ព្រះ‌នាម​ទ្រង់​នឹង​នៅ​ទី​នេះ ដើម្បី​នឹង​ស្តាប់​សេចក្តី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ