27 យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
28 ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាបាវបំរើទ្រង់ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក និងសេចក្តីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះទ្រង់នៅថ្ងៃនេះ
29 ប្រយោជន៍ឲ្យព្រះនេត្រទ្រង់ បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែង ដែលទ្រង់បានមានព្រះបន្ទូលហើយថា ព្រះនាមទ្រង់នឹងនៅទីនេះ ដើម្បីនឹងស្តាប់សេចក្តីអធិស្ឋាន ដែលទូលបង្គំ ជាបាវបំរើទ្រង់នឹងទូលដំរង់មកឯទីនេះ
30 ហើយកាលណាទូលបង្គំ ជាបាវបំរើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ នឹងអធិស្ឋានដំរង់មកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្តីទូលអង្វរ របស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ លុះកាលណាទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
31 បើសិនជាអ្នកណាធ្វើបាប ចំពោះអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនានៃទ្រង់ ក្នុងព្រះវិហារនេះ
32 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសំរេចការងារដោយជំនុំជំរះពួកបាវបំរើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទំលាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសំរេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងដល់គេ តាមសេចក្តីសុចរិតរបស់ខ្លួនគេទៅ។
33 បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកឯទ្រង់វិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយអធិស្ឋានទូលអង្វរដល់ទ្រង់ក្នុងព្រះវិហារនេះ