១ ពង្សាវតារក្សត្រ 8:29-35 KHOV

29 ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់ បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ព្រះ‌នាម​ទ្រង់​នឹង​នៅ​ទី​នេះ ដើម្បី​នឹង​ស្តាប់​សេចក្តី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ

30 ហើយ​កាល​ណា​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ នឹង​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ទី​នេះ នោះ​សូម​ទ្រង់​ស្តាប់​សេចក្តី​ទូល​អង្វរ របស់​យើង​ខ្ញុំ​ផង គឺ​សូម​ទ្រង់​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ លុះ​កាល​ណា​ទ្រង់​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។

31 បើ‌សិន​ជា​អ្នក​ណា​ធ្វើ​បាប ចំពោះ​អ្នក​ជិត​ខាង​ខ្លួន ហើយ​គេ​ឲ្យ​អ្នក​នោះ​ស្បថ រួច​អ្នក​នោះ​ក៏​មក​ស្បថ​នៅ​មុខ​អាស‌នា​នៃ​ទ្រង់ ក្នុង​ព្រះ‌វិហារ​នេះ

32 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សំរេច​ការ‌ងារ​ដោយ​ជំនុំ‌ជំរះ​ពួក​បាវ​បំរើ​ទ្រង់ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទំលាក់​អំពើ​អាក្រក់​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សំរេច​ដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​ដល់​គេ តាម​សេចក្តី​សុចរិត​របស់​ខ្លួន​គេ​ទៅ។

33 បើ​កាល​ណា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ ត្រូវ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ទ្រង់ នោះ​បើ​គេ​ត្រឡប់​មក​ឯ​ទ្រង់​វិញ ព្រម​ទាំង​គោរព​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​អធិ‌ស្ឋាន​ទូល​អង្វរ​ដល់​ទ្រង់​ក្នុង​ព្រះ‌វិហារ​នេះ

34 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប របស់​គេ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ផង រួច​សូម​នាំ​គេ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ប្រទាន​មក​ពួក​អយ្យកោ​គេ​វិញ។

35 បើ​កាល​ណា​មេឃ​រាំង​ភ្លៀង ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ទ្រង់ នោះ​បើ​គេ​អធិ‌ស្ឋាន​មក​ឯ​ទី​នេះ ព្រម​ទាំង​គោរព​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​លះ‌បង់​ចោល​អំពើ​បាប​របស់​គេ​ចេញ ដោយ​ព្រោះ​ទ្រង់​បាន​ផ្ចាញ់‌ផ្ចាល​គេ