38 នោះទោះបើមនុស្សណាមួយ ឬបណ្តាពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ដែលស្គាល់សេចក្តីវេទនានៅក្នុងចិត្តខ្លួន គេលើកដៃដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
39 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសំរេចការ ដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែ១ ដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់)
40 ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់នៅគ្រប់១ជីវិត ដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកអយ្យកោយើងខ្ញុំទាំងឡាយ។
41 មួយទៀត ត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមទ្រង់
42 (ដ្បិតគេនឹងឮនិយាយ ពីព្រះនាមដ៏ជាធំឧត្តមរបស់ទ្រង់ និងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសំរេចដែរ) ហើយគេមកអធិស្ឋានដំរង់ចំពោះព្រះវិហារនេះ
43 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយសំរេចសព្វគ្រប់ តាមសេចក្តីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ទ្រង់ ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់។
44 បើកាលណារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ព្រះយេហូវ៉ា ទាំងបែរមកឯទីក្រុងនេះ ដែលទ្រង់បានរើស និងព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់