១ ពង្សាវតារក្សត្រ 8:47-53 KHOV

47 នោះ​បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក ដែល​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​ចិត្ត​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ទ្រង់ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​ដែល​ដឹក‌នាំ​គេ ទៅ​ជា​ឈ្លើយ​នោះ​ដោយ​ពាក្យ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ក៏​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់​ផង

48 បើ‌សិន​ជា​គេ​វិល​ត្រឡប់​មក​ឯ​ទ្រង់​ដោយ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ ដែល​បាន​នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ទ្រង់ ទាំង​បែរ​មក​ឯ​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​អយ្យកោ​គេ គឺ​ជា​ទី​ក្រុង ដែល​ទ្រង់​បាន​រើស​តាំង និង​ព្រះ‌វិហារ ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ព្រះ‌នាម​ទ្រង់

49 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​ទ្រង់ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន​ហើយ​ទូល​អង្វរ​នោះ ព្រម​ទាំង​សំរេច​សេចក្តី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង

50 សូម​អត់​ទោស​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​ដូច្នេះ ហើយ​អស់​ទាំង​ការ​រំលង​ច្បាប់ ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ដែរ សូម​បណ្តាល​ឲ្យ​ពួក​អ្នក​ដែល​នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ បាន​អាណិត​មេត្តា​ដល់​គេ​វិញ

51 (ដ្បិត​គេ​ជា​រាស្ត្រ​របស់​ផង​ទ្រង់ និង​ជា​មរដក​របស់​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ពី​កណ្តាល​គុក​រំលាយ​ដែក​នោះ)

52 ដើម្បី​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​បើក សំរាប់​ទត​ក្នុង​វេលា​ណា ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ និង​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ទូល​អង្វរ ហើយ​នឹង​ស្តាប់​តាម​សេចក្តី ដែល​គេ​ទូល​សូម​ដល់​ទ្រង់

53 ដ្បិត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​ញែក​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​នៅ​ផែនដី ទុក​សំរាប់​ជា​មរកដ​របស់​ទ្រង់​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ទ្រង់ ពី​កាល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​យើង​ខ្ញុំ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។