១ ពង្សាវតារក្សត្រ 8:54-60 KHOV

54 កាល​សាឡូ‌ម៉ូន​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា តាម​គ្រប់​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ក៏​ក្រោក ពី​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា គឺ​ពី​កន្លែង​ដែល​ទ្រង់​បាន​លុត​ព្រះ‌ជង្ឃ លើក​ព្រះ‌ហស្ត​ដំរង់​ទៅ​ឯ​មេឃ​នោះ​ឡើង

55 ទ្រង់​ក៏​ឈរ​ឡើង ប្រទាន​ពរ ដល់​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដោយ​ព្រះ‌សៀង​ដ៏​ខ្លាំង​ថា

56 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ដែល​ទ្រង់​បាន​ប្រទាន​សេចក្តី​សំរាក ដល់​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ តាម​គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​សន្យា​ឥត​មាន​ខ្វះ​ព្រះ‌បន្ទូល​ណា​មួយ ក្នុង​គ្រប់​សេចក្តី​ល្អ ដែល​ទ្រង់​បាន​សន្យា ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​នោះ​ឡើយ

57 សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា បាន​គង់​ជា​មួយ​នឹង​យើង ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ពួក​អយ្យកោ​យើង​ដែរ សូម​កុំ​ឲ្យ​ទ្រង់​លះ‌បង់ ឬ​ទុក​យើង​រាល់​គ្នា​ចោល​ឡើយ

58 ដើម្បី​ឲ្យ​ទ្រង់​បាន​បង្វែរ​ចិត្ត​យើង​ទៅ​ឯ​ទ្រង់ ឲ្យ​យើង​បាន​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្តី​បង្គាប់ និង​ក្រឹត្យ‌ក្រម ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​អយ្យកោ​យើង​រាល់​គ្នា

59 សូម​ឲ្យ​ពាក្យ​ទាំង​នេះ ដែល​យើង​បាន​ទូល​អង្វរ បាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ទ្រង់​បាន​សំរេច​តាម​សេចក្តី​ត្រឹម‌ត្រូវ​ចំពោះ​យើង ជា​បាវ​បំរើ​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់​ផង តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ

60 ប្រយោជន៍​ឲ្យ​អស់​ទាំង​សាសន៍​នៅ​ផែនដី បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ឥត​មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ