១ ពង្សាវតារក្សត្រ 8:59-65 KHOV

59 សូម​ឲ្យ​ពាក្យ​ទាំង​នេះ ដែល​យើង​បាន​ទូល​អង្វរ បាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ទ្រង់​បាន​សំរេច​តាម​សេចក្តី​ត្រឹម‌ត្រូវ​ចំពោះ​យើង ជា​បាវ​បំរើ​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់​ផង តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ

60 ប្រយោជន៍​ឲ្យ​អស់​ទាំង​សាសន៍​នៅ​ផែនដី បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ឥត​មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ

61 ដូច្នេះ សូម​ឲ្យ​ចិត្ត​ឯង​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្ត ហើយ​កាន់​តាម​ក្រឹត្យ​ទ្រង់​ទាំង​ប៉ុន្មាន​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ។

62 រួច​មក ស្តេច និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

63 ឯ​យញ្ញ‌បូជា ដែល​សាឡូ‌ម៉ូន​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​២​ម៉ឺន​២​ពាន់ និង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ហើយ ដែល​ស្តេច និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

64 នៅ​ថ្ងៃ​នោះ​ឯង ស្តេច​ទ្រង់​បាន​ញែក​ទីលាន​កណ្តាល ដែល​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ដ្បិត​នៅ​ទី​នោះ ទ្រង់​បាន​ថ្វាយ​ទាំង​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​នៃ​ដង្វាយ​មេត្រី គឺ​ដោយ​ព្រោះ​អាស‌នា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​តូច​ពេក មិន​ល្មម​នឹង​ដុត​អស់​ទាំង​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​របស់​ដង្វាយ​មេត្រី​ផង​បាន​ទេ

65 នៅ​វេលា​នោះ សាឡូ‌ម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ គេ​បាន​ធ្វើ​បុណ្យ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា អស់​៧​ថ្ងៃ រួច​រាប់​៧​ថ្ងៃ​ទៀត រួម​ទាំង​អស់​ជា​១៤​ថ្ងៃ