២ ពង្សាវតារក្សត្រ 1:13-18 KHOV

13 រួច​ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ទី​៣ និង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​ថែម​ទៀត មេ‌ទ័ព​ទី​៣​នោះ​ក៏​ឡើង​ទៅ​លុត​ជង្គង់​ក្រាប​នៅ​មុខ​អេលីយ៉ា​អង្វរ​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​អាណិត​មេត្តា​ឲ្យ​ជីវិត​របស់​ខ្ញុំ​ប្របាទ និង​ជីវិត​របស់​៥០​នាក់​នេះ បាន​មាន​ដំឡៃ​នៅ​ភ្នែក​លោក​ចុះ

14 មើល មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​បញ្ឆេះ​មេ‌ទ័ព​ទាំង​២​នាក់ នឹង​ពួក​៥០​នាក់​របស់​គេ ដែល​មក​មុន​នោះ​ទៅ​ហើយ តែ​ឥឡូវ​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ប្របាទ មាន​ដំឡៃ​នៅ​ភ្នែក​លោក​វិញ

15 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ប្រាប់​អេលីយ៉ា​ថា ចូរ​ចុះ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ចុះ​ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​គាល់​ស្តេច

16 លោក​ទូល​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​ចាត់​ប្រើ​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន នោះ​តើ​មិន​មែន​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល ដែល​ល្មម​សួរ​ព្រះ‌បន្ទូល​ទ្រង់​បាន​ឬ​អី ហេតុ​នេះ​ឯង​នឹង​មិន​បាន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​ឡើយ គឺ​នឹង​ត្រូវ​ស្លាប់​វិញ​ជា​ពិត។

17 ទ្រង់​ក៏​សុគត​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​អេលីយ៉ា​បាន​ពោល​ហើយ រួច​យ៉ូរ៉ាមក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​នៃ​យ៉ូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​ព្រះ‌រាជ​បុត្រា​ទេ

18 រីឯ​ដំណើរ​ឯ​ទៀត ពី​អ័ហា‌ស៊ីយ៉ា ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។