២ ពង្សាវតារក្សត្រ 1:3-9 KHOV

3 តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ប្រាប់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា ចូរ​ក្រោក​ឡើង​ទៅ​ជួប​នឹង​ពួក​អ្នក ដែល​ស្តេច​ក្រុង​សាម៉ារី​ចាត់​ប្រើ​ទៅ​នោះ សួរ​គេ​ថា តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ​អី បាន​ជា​ឯង​រាល់​គ្នា​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ

4 ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​នឹង​មិន​ចុះ​ពី​ដំណេក ដែល​ឯង​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​នឹង​ត្រូវ​ស្លាប់​ជា​ពិត រួច​អេលីយ៉ា​ក៏​ចេញ​បាត់​ទៅ។

5 ឯ​ពួក​អ្នក​ដែល​ស្តេច​ចាត់​ប្រើ​នោះ គេ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្រង់​វិញ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ

6 គេ​ក៏​ទូល​ឆ្លើយ​ថា មាន​មនុស្ស​ម្នាក់​ឡើង​មក​ជួប​នឹង​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​វិល​ទៅ​ឯ​ស្តេច ដែល​ចាត់​ប្រើ​ឯង​រាល់​គ្នា​មក ហើយ​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ​អី បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ ហេតុ​នេះ​ទ្រង់​នឹង​មិន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​ត្រូវ​សុគត​ជា​ពិត​វិញ

7 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា មនុស្ស​ដែល​ឡើង​មក​ជួប​នឹង​ឯង​រាល់​គ្នា ពោល​សេចក្តី​ទាំង​នេះ តើ​បែប​យ៉ាង​ណា

8 គេ​ទូល​តប​ថា មនុស្ស​នោះ​ពាក់​អាវ​ធ្វើ​ពី​រោម ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​គឺ​ជា​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ហើយ។

9 នោះ​ទ្រង់​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​ទាហាន​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​អេលីយ៉ា គេ​ក៏​ឡើង​ទៅ​ឯ​លោក​ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ចុះ​មក