1 ឯអ័ហាប់ទ្រង់មានព្រះរាជបុត្រា៧០អង្គ នៅក្រុងសាម៉ារី ហើយយេហ៊ូវក៏ធ្វើសំបុត្រផ្ញើទៅឯពួកអ្នកដែលជាកំពូល នៅយេសរាល ក្នុងក្រុងសាម៉ារី គឺជាពួកចាស់ទុំ និងពួកអ្នកបីបាច់រក្សាអស់ទាំងបុត្រានៃអ័ហាប់ថា
2 ឥឡូវនេះ ដែលអ្នករាល់គ្នាមានបុត្រាទាំងប៉ុន្មាន នៃចៅហ្វាយរបស់អ្នករាល់គ្នានៅជាមួយនោះ ក៏មានរទេះចំបាំង និងសេះ ហើយទាំងទីក្រុងដែលមានកំផែង និងគ្រឿងសស្ត្រាវុធផង ដូច្នេះ កាលណាសំបុត្រនេះបានមកដល់អ្នករាល់គ្នាហើយ
3 នោះចូររើសយកអ្នកណាមួយដែលល្អ ហើយសំណំជាងគេក្នុងពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នា តាំងឡើងឲ្យសោយរាជ្យជំនួសបិតាចុះ រួចឲ្យតស៊ូការពារដំណាក់នៃចៅហ្វាយអ្នករាល់គ្នាទៅ
4 តែអ្នកទាំងនោះមានសេចក្តីភ័យខ្លាចជាខ្លាំង ក៏និយាយថា មើល ស្តេច២អង្គនោះពុំអាចនឹងឈរ នៅមុខលោកបានទៅហើយ ចំណង់បើយើង ធ្វើដូចម្តេចឲ្យយើងឈរនៅបាន
5 ដូច្នេះ ឧកញ៉ាវាំង និងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ និងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជំរាបយេហ៊ូវថា យើងខ្ញុំរាល់គ្នា ជាអ្នកបំរើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់ជំពូក យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្តេចទេ សូមលោកធ្វើតាមតែសេចក្តីដែលលោកគិតឃើញថាល្អចុះ