12 ក្រោយមក យេហ៊ូវក៏ក្រោកឡើងចេញទៅឯក្រុងសាម៉ារី កាលបានទៅដល់សាលា ដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា
13 នោះក៏ប្រទះនឹងពួកបងប្អូនរបស់អ័ហាស៊ីយ៉ា ជាស្តេចយូដា ហើយលោកសួរថា អ្នករាល់គ្នាតើជាអ្នកណា គេឆ្លើយតបថាយើងរាល់គ្នាជាបងប្អូននៃអ័ហាស៊ីយ៉ា យើងចុះទៅជំរាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី។
14 នោះលោកបង្គាប់ថា ចូរចាប់គេទាំងរស់ទៅ ពួកលោកក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសំឡាប់ទាំង៤២នាក់ នៅត្រង់អណ្តូងរបស់សាលានោះ ឥតទុកឲ្យសល់ដល់ម្នាក់ឡើយ។
15 កាលយេហ៊ូវបានចេញពីទីនោះទៅ នោះក៏ប្រទះនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ លោកក៏គំនាប់គាត់សួរថា តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ យ៉ូណាដាបឆ្លើយតបថាស្មោះត្រង់ពិត លោកក៏ថា បើដូច្នេះ ចូរហុចដៃមក អ្នកនោះក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរថជាមួយគ្នា
16 រួចលោកប្រាប់ថា សូមអ្នកទៅជាមួយនឹងខ្ញុំចុះ ដើម្បីមើលសេចក្តីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា ដូច្នេះ គេក៏ឲ្យគាត់ឡើងជិះក្នុងរថរបស់យេហ៊ូវ
17 កាលបានដល់ក្រុងសាម៉ារីហើយ នោះលោកក៏វាយសំឡាប់អស់អ្នក ដែលសល់នៅក្នុងជំនួរវង្សអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សនៃទ្រង់អស់រលីងទៅ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងអេលីយ៉ា។
18 នៅគ្រានោះ យេហ៊ូវក៏ប្រមូលពួកបណ្តាជនទាំងអស់មកប្រាប់ថា អ័ហាប់បានគោរពដល់ព្រះបាលតែបន្តិចទេ តែយេហ៊ូវនឹងគោរពដល់ទ្រង់ជាច្រើនវិញ