17 កាលបានដល់ក្រុងសាម៉ារីហើយ នោះលោកក៏វាយសំឡាប់អស់អ្នក ដែលសល់នៅក្នុងជំនួរវង្សអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សនៃទ្រង់អស់រលីងទៅ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងអេលីយ៉ា។
18 នៅគ្រានោះ យេហ៊ូវក៏ប្រមូលពួកបណ្តាជនទាំងអស់មកប្រាប់ថា អ័ហាប់បានគោរពដល់ព្រះបាលតែបន្តិចទេ តែយេហ៊ូវនឹងគោរពដល់ទ្រង់ជាច្រើនវិញ
19 ដូច្នេះ ចូរហៅពួកហោរារបស់ព្រះបាលទាំងអស់ មកឯយើងឥឡូវ ព្រមទាំងពួកអ្នកដែលថ្វាយបង្គំដល់ទ្រង់ និងអស់ពួកសង្ឃរបស់ទ្រង់ផង កុំឲ្យមានខ្វះអ្នកណាមួយឡើយ ដ្បិតយើងត្រូវថ្វាយយញ្ញបូជាយ៉ាងធំដល់ព្រះបាល បើអ្នកណាខានមក នោះនឹងត្រូវស្លាប់ តែយេហ៊ូវលោកប្រព្រឹត្តដោយឧបាយទេ ប្រយោជន៍ដើម្បីនឹងបំផ្លាញពួកអ្នក ដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់ចេញ
20 យេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃ១ ទុកជាថ្ងៃបុណ្យមុតមាំថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ
21 យេហ៊ូវចាត់គេឲ្យទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល ដូច្នេះ ពួកអ្នកដែលថ្វាយបង្គំព្រះបាលក៏មកទាំងអស់គ្នា ឥតមានសល់ដល់ម្នាក់ឡើយ គេចូលទៅក្នុងព្រះវិហារនៃព្រះបាល ទាល់តែវិហារនោះបានពេញណែន តាំងតែពីចុងម្ខាងរហូតដល់ចុងម្ខាង
22 នោះលោកបង្គាប់ដល់អ្នករក្សាអាវ ដែលសំរាប់ពាក់ថ្វាយបង្គំថា ចូរយកអាវមក ចែកឲ្យពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់គ្នាទៅ អ្នកនោះក៏ចែកឲ្យគ្រប់គ្នា
23 រួចយេហ៊ូវ និងយ៉ូណាដាប ជាកូនរេកាប ក៏ចូលទៅក្នុងវិហារព្រះបាលប្រាប់ដល់ពួកអ្នកដែលថ្វាយបង្គំថា ចូររកមើល កុំឲ្យមានអ្នកណាដែលថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅជាមួយនៅទីនេះឡើយ ឲ្យមានសុទ្ធតែពួកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ