19 ដូច្នេះ ចូរហៅពួកហោរារបស់ព្រះបាលទាំងអស់ មកឯយើងឥឡូវ ព្រមទាំងពួកអ្នកដែលថ្វាយបង្គំដល់ទ្រង់ និងអស់ពួកសង្ឃរបស់ទ្រង់ផង កុំឲ្យមានខ្វះអ្នកណាមួយឡើយ ដ្បិតយើងត្រូវថ្វាយយញ្ញបូជាយ៉ាងធំដល់ព្រះបាល បើអ្នកណាខានមក នោះនឹងត្រូវស្លាប់ តែយេហ៊ូវលោកប្រព្រឹត្តដោយឧបាយទេ ប្រយោជន៍ដើម្បីនឹងបំផ្លាញពួកអ្នក ដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់ចេញ
20 យេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃ១ ទុកជាថ្ងៃបុណ្យមុតមាំថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ
21 យេហ៊ូវចាត់គេឲ្យទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល ដូច្នេះ ពួកអ្នកដែលថ្វាយបង្គំព្រះបាលក៏មកទាំងអស់គ្នា ឥតមានសល់ដល់ម្នាក់ឡើយ គេចូលទៅក្នុងព្រះវិហារនៃព្រះបាល ទាល់តែវិហារនោះបានពេញណែន តាំងតែពីចុងម្ខាងរហូតដល់ចុងម្ខាង
22 នោះលោកបង្គាប់ដល់អ្នករក្សាអាវ ដែលសំរាប់ពាក់ថ្វាយបង្គំថា ចូរយកអាវមក ចែកឲ្យពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់គ្នាទៅ អ្នកនោះក៏ចែកឲ្យគ្រប់គ្នា
23 រួចយេហ៊ូវ និងយ៉ូណាដាប ជាកូនរេកាប ក៏ចូលទៅក្នុងវិហារព្រះបាលប្រាប់ដល់ពួកអ្នកដែលថ្វាយបង្គំថា ចូររកមើល កុំឲ្យមានអ្នកណាដែលថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅជាមួយនៅទីនេះឡើយ ឲ្យមានសុទ្ធតែពួកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ
24 កាលយេហ៊ូវបានចូលទៅ ដើម្បីនឹងថ្វាយយញ្ញបូជា និងដង្វាយដុត នោះលោកបានដំរូវឲ្យមនុស្ស៨០នាក់នៅជាខាងក្រៅ ដោយបង្គាប់ថា បើអ្នកណាក្នុងពួកអ្នកដែលខ្ញុំប្រគល់មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាបានរត់រួច នោះអ្នកដែលឲ្យគេរួចទៅ នឹងត្រូវស្លាប់ជំនួសអ្នកនោះវិញ។
25 កាលលោកបានថ្វាយដង្វាយដុតរួចហើយ នោះក៏បង្គាប់ដល់ពួកចាំយាម និងពួកមេទ័ពថា ចូរឲ្យចូលទៅសំឡាប់គេចុះ កុំឲ្យអ្នកណាមួយចេញរួចឡើយ ដូច្នេះ គេក៏ប្រហារជីវិតអ្នកទាំងនោះដោយមុខដាវ ឯពួកចាំយាម និងពួកមេទ័ព ក៏បោះខ្មោចចេញទៅក្រៅ រួចគេទៅក្នុងទីក្រុងនៃវិហារព្រះបាលនោះ