២ ពង្សាវតារក្សត្រ 10:31-36 KHOV

31 តែ​យេហ៊ូវ​មិន​បាន​ប្រុង​ប្រយ័ត្ន និង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​អស់​ពី​ចិត្ត​ទេ គឺ​លោក​មិន​បាន​លែង​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល ធ្វើ​បាប​តាម​នោះ​ទេ។

32 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​តាំង​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រា‌អែល គឺ​ហាសែល​ទ្រង់​មក​វាយ​សាសន៍​អ៊ីស្រា‌អែល នៅ​អស់​ទាំង​ព្រំ‌ដែន​ស្រុក​របស់​គេ

33 ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ទៅ​ខាង​កើត គឺ​ស្រុក​កាឡាត​ទាំង​អស់ ជា​ស្រុក​របស់​ពួក​កាឌ់ ពួក​រូបេន និង​ពួក​ម៉ាន៉ាសេ ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ស្រុក​កាឡាត និង​ស្រុក​បាសាន​ទាំង​មូល

34 រីឯ​ដំណើរ​ឯ​ទៀត​ពី​យេហ៊ូវ និង​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្វើ ហើយ​ពី​អំណាច​របស់​លោក​ទាំង​អស់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

35 យេហ៊ូវ​ក៏​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​លោក​ទៅ ហើយ​គេ​បញ្ចុះ​លោក​នៅ​ក្រុង​សាម៉ារី រួច​យ៉ូអា‌ហាស ជា​បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​លោក

36 យេហ៊ូវ​បាន​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​ក្រុង​សាម៉ារី​អស់​២៨​ឆ្នាំ។