8 នោះមានម្នាក់នាំដំណឹងមកជំរាបលោកថា គេយកព្រះសិរនៃពួកបុត្រាស្តេចមកហើយ លោកបង្គាប់ថា ចូរដាក់ជា២គំនរ នៅត្រង់មាត់ទ្វារកំផែងរហូតដល់ព្រឹកទៅ
9 លុះដល់ព្រឹកឡើងលោកក៏ចេញទៅឈរ មានប្រសាសន៍នឹងបណ្តាជនទាំងឡាយថា អ្នករាល់គ្នាសុចរិតទេ មើល គឺខ្ញុំហើយដែលបានបះបោរនឹងចៅហ្វាយរបស់ខ្ញុំ ព្រមទាំងសំឡាប់ផង តែអ្នកណាបានសំឡាប់អ្នកទាំងនេះ
10 ដូច្នេះ សូមឲ្យដឹងថា ក្នុងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានទាយទាស់នឹងជំនួរវង្សអ័ហាប់ នោះនឹងគ្មានណា១ធ្លាក់ដល់ដីឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើតាមសេចក្តី ដែលទ្រង់បានមានព្រះបន្ទូល ដោយសារអេលីយ៉ា ជាអ្នកបំរើទ្រង់ហើយ
11 ដូច្នេះ យេហ៊ូវបានប្រហារជីវិតនៃអស់អ្នកណាដែលសល់នៅ ក្នុងជំនួរវង្សរបស់អ័ហាប់ នៅត្រង់យេសរាល ព្រមទាំងពួកអ្នកធំ និងពួកមិត្រសំឡាញ់ស្និទ្ធស្នាល ហើយពួកសង្ឃរបស់ទ្រង់ផង ឥតទុកឲ្យមានអ្នកណាមួយសល់នៅខាងទ្រង់ឡើយ។
12 ក្រោយមក យេហ៊ូវក៏ក្រោកឡើងចេញទៅឯក្រុងសាម៉ារី កាលបានទៅដល់សាលា ដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា
13 នោះក៏ប្រទះនឹងពួកបងប្អូនរបស់អ័ហាស៊ីយ៉ា ជាស្តេចយូដា ហើយលោកសួរថា អ្នករាល់គ្នាតើជាអ្នកណា គេឆ្លើយតបថាយើងរាល់គ្នាជាបងប្អូននៃអ័ហាស៊ីយ៉ា យើងចុះទៅជំរាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី។
14 នោះលោកបង្គាប់ថា ចូរចាប់គេទាំងរស់ទៅ ពួកលោកក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសំឡាប់ទាំង៤២នាក់ នៅត្រង់អណ្តូងរបស់សាលានោះ ឥតទុកឲ្យសល់ដល់ម្នាក់ឡើយ។