11 ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្តេច ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនាព្រះវិហារ
12 នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្តីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្តីចំរើន។
13 កាលព្រះនាងអ័ថាលា បានឮសូរអឺងកងនៃពួកចាំយាម និងបណ្តាជនទាំងប៉ុន្មាន នោះព្រះនាងយាងចូលទៅឯគេ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
14 ក៏ទតមើលទៅឃើញស្តេចទ្រង់ប្រថាប់ នៅលើទីថ្កល់ តាមទំនៀមមានទាំងពួកមេទ័ព និងពួកផ្លុំត្រែ ឈរនៅជិតផង ពួកបណ្តាជន ជាអ្នកស្រុកនោះទាំងអស់ ក៏រីករាយសប្បាយឡើង ទាំងផ្លុំត្រែផង ដូច្នេះព្រះនាងអ័ថាលាទ្រង់ហែកព្រះពស្រ្តស្រែកឡើងថា នេះជាការក្បត់ ជាការក្បត់ហើយ
15 តែយេហូយ៉ាដាដ៏ជាសង្ឃ លោកបង្គាប់ដល់ពួកមេទ័ពដែលត្រួតលើពលទ័ពថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេដោយដាវ នោះគឺពីព្រោះសង្ឃបានប្រាប់ថា កុំឲ្យសំឡាប់ព្រះនាងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ
16 ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះទៅ។
17 រួចមកយេហូយ៉ាដា លោកឲ្យស្តេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា ហើយឲ្យស្តេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ