២ ពង្សាវតារក្សត្រ 11:5-11 KHOV

5 លោក​បង្គាប់​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​១​ភាគ​ក្នុង​៣ ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ត្រួត​លើ​ការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្តេច

6 ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ ហើយ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​ទ្វារ​ខាង​ក្រោយ​ទី​នៃ​ពួក​ចាំ​យាម អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ចូល​ឡើយ

7 ឯ​អ្នក​រាល់​គ្នា​ទាំង​២​កង ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ព័ទ្ធ​ជុំវិញ​ស្តេច

8 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​គ្រឿង​សស្រ្តា‌វុធ នៅ​ដៃ​រៀង​ខ្លួន​ចោម​ព័ទ្ធ​ស្តេច បើ​មាន​អ្នក​ណា​ចូល​ហួស​ថែវ​អ្នក​រាល់​គ្នា​មក នោះ​ត្រូវ​សំឡាប់​ចេញ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ស្តេច ក្នុង​កាល​ដែល​ទ្រង់​យាង​ចេញ​ទៅ និង​ចូល​មក​ផង។

9 ពួក​មេ‌ទ័ព គេ​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​គ្រប់​ជំពូក គេ​នាំ​យក​ពួក​កង​គេ​រៀង​ខ្លួន ជា​ពួក​ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក និង​ពួក​ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ មក​ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ

10 លោក​ក៏​ចែក​លំពែង និង​ខែល​របស់​ស្តេច​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព

11 ដូច្នេះ ពួក​ចាំ​យាម​គេ​ក៏​កាន់​គ្រឿង​សស្រ្តា‌វុធ​នៅ​ដៃ​រៀង​ខ្លួន ឈរ​នៅ​ព័ទ្ធ​ជុំវិញ​ស្តេច ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ដល់​ខាង​ឆ្វេង​តាម​ក្បែរ​អាស‌នា​ព្រះ‌វិហារ