1 គឺនៅឆ្នាំទី៧ក្នុងរាជ្យយេហ៊ូវ ដែលយ៉ូអាសចាប់តាំងសោយរាជ្យឡើង ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៤០ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាស៊ីបយ៉ា ជាអ្នកស្រុកបៀរ-សេបា
2 រីឯយ៉ូអាស ទ្រង់ប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលា ដែលយេហូយ៉ាដាដ៏ជាសង្ឃបង្រៀនទ្រង់
3 ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ហើយពួកបណ្តាជន គេនៅតែថ្វាយយញ្ញបូជា ព្រមទាំងដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ។
4 យ៉ូអាស ទ្រង់មានព្រះបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ ជាដំឡៃនៃដង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាដង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
5 នោះត្រូវឲ្យពួកសង្ឃទទួលប្រាក់នោះ គឺត្រូវឲ្យគ្រប់គ្នាទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ
6 ប៉ុន្តែដល់ឆ្នាំទី២៣ ក្នុងរាជ្យស្តេចយ៉ូអាស នោះពួកសង្ឃមិនទាន់បានជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហារនៅឡើយ
7 ដូច្នេះ ស្តេចយ៉ូអាសទ្រង់ហៅយេហូយ៉ាដាដ៏ជាសង្ឃ និងពួកសង្ឃឯទៀតមកសួរថា ហេតុអ្វីបានជាមិនបានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដូច្នេះ ឥឡូវនេះ មិនត្រូវឲ្យយកប្រាក់ពីពួកអ្នកដែលស្គាល់ទៀតទេ គឺត្រូវប្រគល់ប្រាក់នោះទៅ សំរាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារវិញ